
ប្រវត្តិសង្ខេបរបស់លោក ស៊ីន ស៊ីសាមុត
លោក ស៊ីន ស៊ីសាមុត កើតនៅស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ លោក មានទេពកោសល្យពីកំណើត ដោយមាន សំលេងពីលោរោះ ពិសេស និងចូលចិត្តសិល្បៈតន្ត្រី ចំរៀងតាំងពីកុមារភាពម៉្លេះ ។
ស៊ីន ស៊ីសាមុត ចាប់កាន់ឧបករណ៍ភ្លេង តាមរយៈឪពុកធំរបស់គាត់ ហើយបានចូលប្រឡូកដូចជា ៖ ពិធីមង្គល ការ បុណ្យប្រពៃណីជាតិខ្មែរ និងពិធីផ្សេងៗតាមការអញ្ជើញរបស់អតិថិជន ។ ដោយការយល់ឃើញរបស់ ឪពុក-ម្តាយ ថាសង្គមជាតិខ្មែរពីជំនាន់នោះមិនឱ្យតម្លៃទៅលើអ្នកសិល្បៈ។ ដូច្នេះហើយលោកទាំងពីរក៏បាន ហាមឃាត់ លោក ស៊ីន ស៊ីសាមុត មិនឱ្យចូលប្រឡូកក្នុង វិស័យ សិល្បៈ។ លោក ស៊ីន ស៊ីសាមុត បានសំរេចចិត្ត ទុកចំណង់ចំណូល ចិត្តរបស់គាត់ មួយឡែក។ បន្ទាប់ពីលោកប្រឡងជាប់វិញ្ញាបនបត្រ័មធ្យមសិក្សានៅខេត្ត ស្ទឹងត្រែង លោកបានមក បន្តការសិក្សានៅភ្នំពេញ ហើយបានប្រឡង ជាប់មុខវិជ្ជាពេទ្យ រួចចាប់ យកជំនាញ ពេទ្យរហូតបានក្លាយខ្លួនជាគ្រូ ពេទ្យមួយរូប នៅក្នុងឆ្នាំ ១៩៥៣ ដើម្បី បំពេញបំណងរបស់ឪពុកម្តាយ ។ក្នុងអំឡុងឆ្នាំ ១៩៥១ ពេលដែលលោកកំពុងសិក្សាមុខវិជ្ជាពេទ្យ ជាមួយគ្នានោះផងដែរលោកក៏បានបង្កើត ក្រុមតន្ត្រីមួយក្រុមឈ្មោះ ព្រះច័ន្ទរស្មី មានសមាជិកចំនួន ០៩ រូប។ មិនយូរប៉ុន្មានក្រោយមកក្រុមតន្ត្រីរបស់ លោកទទួលបាន នូវការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះនៅដើមឆ្នាំ ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញឱ្យចូលប្រគុំរួមគ្នាជាមួយក្រុម តន្ត្រី វិទ្យុ ជាតិឈ្មោះ រាជសីហ៍ ។ លោក ស៊ីន ស៊ីសាមុត បានរៀបការនៅឆ្នាំ ១៩៥៥ ជាមួយនិងកញ្ញា ខាវ ថងញ៉ុត ដែលមាន សញ្ជាតិខ្មែរកាត់ឡាវ ដែលត្រូវជាបងប្អូនជីតួតមួយរបស់លោក ។
តាមរយៈសំលេងដ៏ពិរោះរបស់លោកដែលលេចត្រដែតលើសពីអ្នកចំរៀងដ៏ទៃទៀត តាមការផ្សាយរបស់ វិទ្យុជាតិនៃក្រសួងឃោសនាការ បានធ្វើអោយពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍ដល់សំនៀង និងទឹក ដៃនិពន្ធរបស់លោកដែលចេញមានលក្ខណៈសាមញ្ញទាន់សម័យ។ ទន្ទឹមនឹងសំនៀងដ៏ស្រទន់ ដែលពិបាកនឹងរក អ្នកចំរៀងដ៏ទៃទៀតមកប្រៀបប្រដូចនោះហើយ ប្រជាពលរដ្ឋខ្មែរក៏កាន់តែមានការយកចិត្តទុកដាក់ស្តាប់នូវបទ ចំរៀងរបស់លោកច្រើនឡើងៗ ផ្ទុយទៅវិញឪពុកក្រោយ និងម្តាយរបស់លោកបែរជាខឹងសម្បារយ៉ាងខ្លាំង នៅពេលបានលឺសំលេងរបស់លោកតាមវិទ្យុផ្សាយម្តងៗ។ គាត់បាន និយាយថា ៖ អញខំរកលុយកាក់អោយវាទៅ រៀនពេទ្យ ហេតុអីក៏វាច្រៀងឯណោះទៅវិញ ។ ទោះបីវិជ្ជាជីវៈដែល ផុសចេញមកពីនិស្ស័យពិតៗ របស់ខ្លួនផ្ទុយ ទៅនឹងទស្សនៈរបស់ឪពុកម្តាយយ៉ាងណាក៏ដោយ ក៏លោក ស៊ីន ស៊ីសាមុត នៅតែបន្តការងារតាមចំណង់ចំណូល ចិត្តរបស់លោកជាធម្មតាដដែល។
ដោយសារសម្លេងដ៏ក្រអួនរបស់លោក ស៊ីន ស៊ីសាមុតកាន់តែពិរោះ ឈ្មោះរបស់លោកកាន់តែលេចត្រដែតលើ សួនសិល្បៈ ក្រោយមួយឆ្នាំប៉ុណ្ណោះ លោកក៏ត្រូវព្រះមហាក្សត្រយានី (ព្រះមាតាសម្តេចព្រះនរោត្តមស៊ីហនុ) ហៅអោយចូលធ្វើការនៅក្នុងក្រុមតន្ត្រីព្រះរាជទ្រព្យ (តន្ត្រីប្រចាំរាជវាំង) រហូតដលឆ្នាំ ១៩៧០។ លោក ស៊ីន ស៊ីនសាមុត ពុំត្រឹមតែអាចច្រៀងបានតែបទសម័យប៉ុណ្ណោះទេ តែថែមទាំងអាចច្រៀងបានទាំងបទបុរាណ មហោរី... ថែមទៀត។ លក្ខណៈពិសេលពីធម្មជាតិ និងការព្យាយាម ទោះបីជាលោកមានទេព្យកោសល្យខ្ពស់ទាំង ការច្រៀងទាំងការនិពន្ធ បទភ្លេងយ៉ាងនោះហើយក៏ដោយ ក៏លោក ស៊ីន ស៊ីនសាមុត នៅតែខិតខំព្យាយាម ហ្វឹកហាត់ដោយខ្លួនឯងនៅក្នុងបន្ទប់របស់គាត់ជារៀងរាល់យប់។ ភាគច្រើនណាស់ ដែលគាត់ខិតខំពត់សម្លេង របស់គាត់ជាមួយនឹងម៉ង់ដូលីនមួយរហូតដល់ម៉ោង ១ – ២ អាធ្រាត្រ។ បងបង្កើត លោក ស៊ីន ស៊ីនសាមុត ក៏មាន ការកោតសសើរប្អូនប្រុសរបស់គាត់ដែរនៅត្រង់ថាៈ បើលោក ស៊ីន ស៊ីសាមុតអង្គុយកន្លែងណាតែមួយភ្លែត គាត់ អាចតែងបទចំរៀងបានភ្លាម បើគាត់ទៅស្រុកណា ខេត្តណា ពេលត្រឡប់មកវិញនឹងមានបទចំរៀងនៅទីនោះ ជាបន្តបន្តាប់ ។
លោក ស៊ីន ស៊ីសាមុតចេះច្រៀង និងនិពន្ធបានច្រើនប្រភេទនៃតន្ត្រីណាស់ តាំងពីតន្ត្រី សម័យ បុរាណ បាសាក់ ចាប៉ី អាយ៉ៃ បទមហោរី ៘ គាត់តែងតែយកបទនិពន្ធរបស់លោក វ៉ោយ ហូរ និង លោក ហាស់ សាឡន ។ ក្រៅពីលក្ខណៈពិសេសខាងលើរបស់លោក ស៊ីន ស៊ីសាមុតមុននេះ គឺលោកនៅមានករណីល្អៗជាច្រើនទៀត ដូចជា មានចរិតស្លូតបូត មានគំនិតអាណិតអាសូរដល់មនុស្សក្រខ្សត់ណាស់… ហើយលោកជាមនុស្សម្នាក់មានពាក្យសំដី ប្រាកដនិយមណាស់ៈ (បើនិយាយម៉ាត់ណា គឹម៉ាត់នឹង) ។
ពេលចប់សង្គ្រាមខែ មេសា ឆ្នាំ ១៩៧៥ លោក ស៊ីន ស៊ីសាមុត ក៏ដូចជាប្រជាពលរដ្ឋដ៏ទៃទៀតដែរ ត្រូវពួកខ្មែរ ក្រហមជំលៀសអោយចេញពីភ្នំពេញ។ លោកធ្វើដំណើរតាមផ្លូវជាតិលេខមួយ តែត្រូវបែកបងប្អូនបង្កើតនៅពេល ទៅដល់ត្រង់ម្តុំដីឥដ្ឋ។ បងប្អូនគាត់បបួលគាត់អោយទៅតំបន់ ២២ដែរ តែគាត់ពុំព្រមឆ្លងទន្លេទៅជាមួយទេ។ ការបែកបាក់បងប្អូនក៏ចាប់ផ្តើមពេលនោះទៅ។
លោក ស៊ីន ស៊ីសាមុត បានបន្សល់ទុកនៅកូនប្រុសម្នាក់ គឺលោក ស៊ីន ចាន់ឆាយ៉ា ដែលកំពុងបន្តមរតក ជាអ្នកចំរៀងស្នងពីឪពុករបស់លោក។ ឯបងប្អូន ២ នាក់ទៀតក្នុងចំណោមបងប្អូនបង្កើត ៤ នាក់ (ប្អូនប្រុសម្នាក់ស្លាប់ក្នុងជំនាន់ ប៉ុល ពត) ។
ไม่มีความคิดเห็น:
แสดงความคิดเห็น